
បាត់ដំបង៖ «គោលការណ៍របស់ខ្ញុំគឺ សាមញ្ញ អត់ធ្មត់ និងមេត្តា~ករុណា ដើរនៅលើផ្លូវត្រឹមត្រូវ និងឈរនៅលើការពិត!» នេះជាការប្រកាសជំហរយ៉ាងរឹងមាំរបស់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលលោកបានចូលខ្លួនទៅបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាមកាតព្វកិច្ចផ្លូវច្បាប់ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ។
ការចូលខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការខេត្តរតនគិរី ដែលតម្រូវឱ្យរូបលោកត្រូវបង្ហាញមុខរៀងរាល់២ខែម្ដង ជុំវិញសំណុំរឿងចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ដែលបានកើតឡើងតាំងពីឆ្នាំ២០២៣។
ដើមហេតុនៃការចោទប្រកាន់ខាងលើនេះ បន្ទាប់ពីលោកមាជ សុវណ្ណារ៉ា សង្កេតឃើញ និងលើកឡើងថា៖
កម្មករខ្មែរដែលធ្វើការក្នុងចំការចេករបស់ក្រុមហ៊ុនវៀតណាម ទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ តិចជាងកម្មករជនជាតិវៀតណាម ដែលធ្វើការក្នុងទីតាំង និងប្រភេទការងារដូចគ្នា ដោយលោកបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យ និងតាមដានបញ្ហានេះ ដើម្បីធានាសមភាព និងយុត្តិធម៌សម្រាប់ពលករខ្មែរ។
ជាមួយគ្នាលោក មាជ សុវណ្ណារ៉ា ក៏បានចោទជាសំណួរសួរថា តើកម្មករវៀតណាមជាកម្មករជំនាញមែនដែរឬទេ? ខណៈពួកគេទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃច្រើនជាងកម្មករខ្មែរដែលធ្វើការនៅទីនោះ? ។
ទោះជាយ៉ាងណា ការស្នើសុំឱ្យមានការអន្តរាគមន៍ និងការស្វែងរកតម្លាភាពនេះ បែរជាត្រូវរងការចោទប្រកាន់ពីសមត្ថកិច្ច និងប្រព័ន្ធតុលាការថាជាសកម្មភាព«ញុះញង់ឱ្យមានការរើសអើង» ទៅវិញ
ស្របពេលដែលរូបលោកគ្មានគោលបំណងអ្វីទៅរើសអើងជាតិសាសន៍ណានោះទេ ដោយគ្រាន់តែចង់ឃើញនូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ដល់កម្មករ ជាពិសេសដល់ជាតិសាសន៍ខ្មែរ នៅលើទឹកដីខ្មែរ ដើមកំណើតរបស់ខ្លួនតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះនៅក្នុងឱកាសបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក មាជ សុវណ្ណារ៉ា បានសម្តែងការសោកស្តាយ និងបានរិះគន់ចំៗទៅលើអ្នកនយោបាយខ្មែរដែលនៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធនយោបាយលើគ្នាតាមរបៀបដែល «គ្មានតម្លាភាព សេរីភាព ត្រឹមត្រូវ និងយុត្តិធម៌» ហើយជាទង្វើដែលមិនអាចទទួលយកបានឡើយក្នុងសង្គមប្រជាធិបតេយ្យ។
ដោយមើលឃើញថាករណីរបស់លោក គឺជាការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ លោក មាជ សុវណ្ណារ៉ា ក៏បានលើក យកបញ្ហានេះ និងរឿងរ៉ាវអយុត្តិធម៌ប្រាក់ឈ្នួលកម្មករ ទៅរាយការណ៍ និងជម្រាបជូនដោយផ្ទាល់ទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីឱ្យសហគមន៍អន្តរជាតិ បានជ្រាបនិងតាមដានមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអំឡុងពេលដែលអ្នករាយការណ៍ពិសេសរូបនេះ បានជួបជាមួយថ្នាក់ដឹកនាំគណបក្សជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ទោះបីជាត្រូវប្រឈមមុខនឹងកាតព្វកិច្ចផ្លូវតុលាការ និងសម្ពាធនយោបាយយ៉ាងណាក៏ដោយ ប្រធានគណបក្សជំនាន់ថ្មីរូបនេះ នៅតែបន្តប្រកាសជំហរថ្នាក់ដឹកនាំនយោបាយដែលមានភាពចាស់ទុំ ដោយឈរលើស្មារតីអត់ធ្មត់ មិនចាត់ទុកអ្នករៀបចំសម្ពាធលើរូបលោកជាសត្រូវ ប៉ុន្តែនៅតែជម្រុញឱ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសិទ្ធិទទួលបានប្រាក់ឈ្នួលស្មើគ្នា និងយុត្តិធម៌ក្នុងសង្គម។
ប្រធានគណបក្សជំនាន់ថ្មីរូបនេះ ធ្លាប់បានដាក់ក្តីសង្ឃឹមថា «វប្បធម៌នៃការចងកម្មពៀរគ្នាក្នុងសម្ពាធនយោបាយនឹងត្រូវបញ្ចប់នៅក្នុងសករាជនៃអ្នកជំនាន់ថ្មី មិនថាគណបក្សកាន់អំណាច ឬគណបក្សជំទាស់ ។ ជាមួយគ្នានេះនាពេលកន្លងមកលោកក៏ធ្លាប់បានអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់អីផងដែរដោយចាត់ទុកថានេះគឺជាកំហិតសេរីភាពក្នុងការធ្វើនយោបាយ ក្នុងនាមលោកជាអ្នកនយោបាយនៃប្រធានគណបក្សជំនាន់ថ្មី។
គួរបញ្ជាក់ថាលោកមាជ សុវណ្ណារ៉ា ត្រូវបានតុលាការខេត្តរតនគីរីចេញដីកាចាប់ខ្លួននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមបទ ចោទប្រកាន់ញុះញង់នូវការរើសអើង ក្នុងបទអត្ថាធិប្បាយរបស់លោក ប៉ុន្តែក្រោយមកនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ តុលាការខេត្តរតនគីរី បានសម្រេចមិនឃុំខ្លួនអ្នកនយោបាយជើងចាស់រូបនេះឡើយ តែបានកំហិតសេរីភាពជាមូលដ្ឋានមួយចំនួនរបស់លោកទៅវិញ៕ ០៤/០៨/២០២៦



