រាជធានីភ្នំពេញ៖ នៅក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងលក្ខខណ្ឌការងាររបស់មន្ត្រីនគរបាលថ្នាក់មូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃម្សិលមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាព ព្រមទាំងការបំពេញភារកិច្ចជាក់ស្តែងរបស់មន្ត្រីនគរបាល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេសកកម្មចុះពិនិត្យដោយផ្ទាល់ និងឥតព្រាងទុកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិរួចរាល់។
ទោះបីជាស្ថានភាពនៃអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ បច្ចុប្បន្នជាប្រភេទផ្ទះល្វែងផ្ទាល់ដី ស្ថិតនៅជាប់ផ្លូវជាតិលេខ២ មានលក្ខណៈចង្អៀត និងចាស់បន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីនគរបាលទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម និងស្វាហាប់។ ក្នុងនោះ មន្ត្រីមួយចំនួនកំពុងទទួលពាក្យបណ្តឹងករណីបាត់អត្តសញ្ញាណប័ណ្ណ និងមន្ត្រីមួយចំនួនទៀតកំពុងរៀបចំធ្វើបែបបទសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់។
នៅក្នុងឱកាសជំនួសរាប់អាន និងការសន្ទនាដោយផ្ទាល់ជាមួយលោកនាយកប៉ុស្តិ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលបាននូវព័ត៌មានសំខាន់ៗជាច្រើនពាក់ព័ន្ធនឹង៖
តម្រូវការអាទិភាព៖ ឧបករណ៍ និងមធ្យោបាយចាំបាច់សម្រាប់មន្ត្រីចុះល្បាត និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន។
ការបែងចែកភារកិច្ច៖ ការបែងចែកពេលវេលារវាងការងារស្នូលប្រចាំការនៅប៉ុស្តិ៍ និងការងារពាក់ព័ន្ធផ្សេងៗនៅខាងក្រៅអង្គភាព។
បញ្ហាប្រឈម និងសំណូមពរ៖ ការប្រមូលនូវមេរៀន បទពិសោធន៍ល្អៗ ព្រមទាំងបញ្ហាប្រឈមជាក់ស្តែងដែលមន្ត្រីប៉ុស្តិ៍កំពុងជួបប្រទះ។
ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាល់ព័ត៌មាន សំណើ និងបញ្ហាប្រឈមដែលទទួលបានពីការចុះពិនិត្យផ្ទាល់នាពេលនេះ នឹងក្លាយជាទិន្នន័យ និងជាមូលដ្ឋានយ៉ាងសំខាន់ សម្រាប់ក្រសួងមហាផ្ទៃយកទៅធ្វើការវិភាគ ពិចារណា និងរៀបចំផែនការក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៅទូទាំងប្រទេសឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅមុខជាបន្តបន្ទាប់៕












