(ខេត្តតាកែវ)៖ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា ព្រមទាំង ឯកឧត្តម ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលថ្នាលយុវជនកម្ពុជា និងសហការី បានបន្តចុះពាំនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា ប្រគល់ជូនដល់គ្រួសារមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ តាមរយៈ ឯកឧត្តម ផេង គីមស្រ៊ុន។
គ្រួសាររងគ្រោះ និងទទួលអំណោយនាពេលនេះ ស្ថិតនៅក្នុងមូលដ្ឋានឃុំអង្គតាសោម និងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងសកម្មភាពមនុស្សធម៌នេះ លោកប្រធានប្រតិបត្តិ និងក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានពិការភាព និងខ្វះខាត ព្រមទាំងបានលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំប្រឹងប្រែងកសាងជីវភាព និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។
អំណោយឧបត្ថម្ភនាពេលនេះ មិនត្រឹមតែបានចូលរួមសម្រាលទុក្ខលំបាក និងជីវភាពចំពោះមុខរបស់គ្រួសាររងគ្រោះទាំង ៤ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយមើលមិនឃើញនោះឡើយ៕












