ភ្នំពេញ៖ អ្នកសារព័ត៌មានជាច្រើនរូបមកពីបណ្តាអង្គភាពផ្សេងៗគ្នា បានមកជួបជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីរង់ចាំ និងលើកទឹកចិត្ត លោក ផាត់ ហ៊ន (ហៅ ពូ ហ៊ន) ដែលជាអ្នកសារព័ត៌មានមួយរូប ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កក្រសួងមហាផ្ទៃ កោះហៅមកសាកសួរ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ម្ចាស់ហាងបញ្ចាំមួយកន្លែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីបានចូលខ្លួន និងឆ្លងកាត់ការសាកសួរយ៉ាងល្អិតល្អន់ពីសំណាក់សមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កក្រសួងមហាផ្ទៃ រួចរាល់មក សមត្ថកិច្ចបានអនុញ្ញាតឱ្យ លោក ផាត់ ហ៊ន ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដែលរង់ចាំយកព័ត៌មាននៅខាងក្រៅ លោក ផាត់ ហ៊ន (ពូ ហ៊ន) បានបញ្ជាក់ថា ដំណើរការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនេះ ត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ចំពោះនីតិវិធីនៃការប្តឹងផ្តល់ទៅកាន់ផ្លូវតុលាការយ៉ាងណានោះ លោកនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេនាពេលនេះ។
ការជួបជុំសម្តែងការគាំទ្រពីសំណាក់បងប្អូនអ្នកសារព័ត៌មាននាពេលនេះ គឺជាស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់រវាងអាជីពអ្នកសារព័ត៌មានដូចគ្នា ក្នុងការតាមដាន និងយកព័ត៌មានជុំវិញករណីខាងលើដោយយកចិត្តទុកដាក់៕


