(តាកែវ)៖ កម្លាំងនគរបាលស្រុកបាទី បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ចូលគាស់ចេតិយ៍នៅវត្តចំបក់បិតមាស និងបំផ្លាញកោដ្ឋអដ្ឋិធាតុចំនួន ៣៣កោដ្ឋ ដើម្បីស្វែងរកទ្រព្យសម្បត្តិមានតម្លៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅវត្តចំបក់បិតមាស ស្ថិតក្នុងភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ តាមការស្រាវជ្រាវ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី ៥ ទៅ ៨នាក់ បានធ្វើសកម្មភាពគាស់សោទ្វារចេតិយ៍ចំនួន ២១ចេតិយ៍ មុនពេលវាយកម្ទេចកោដ្ឋ និងចាក់អដ្ឋិធាតុចោលចំនួន ៣៣កោដ្ឋ ដើម្បីស្វែងរកវត្ថុមានតម្លៃ។
ក្រោយទទួលបានព័ត៌មានពីព្រះចៅអធិការវត្ត កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះពិនិត្យកន្លែងកើតហេតុ ប្រមូលភស្តុតាង និងបើកការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលយុត្តិធម៌បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ រួមមាន៖
-ឈ្មោះ ឈឿន នាង ហៅ មូស
-ឈ្មោះ ម៉ៅ លីអយ
-ឈ្មោះ ខន ប៊ុនធីម
-ឈ្មោះ ញ៉ក់ ងីម។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនដែលប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួកដែលនៅសេសសល់ កំពុងត្រូវបានស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

