ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជនក្នុងស្រុកត្រាំកក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅក្នុងបរិវេណវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមង្គលបញ្ញាបណ្ឌិត សៅ តារ៉ាវី ព្រះគ្រូចៅអធិការវត្តមង្គលមានលក្ខណ៍ ព្រះមន្ត្រីសង្ឃស្រុក ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ក្រុង-ឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជនក្នុងស្រុកត្រាំកក់ សរុបប្រមាណជិត ១,៧០០នាក់។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានសម្តែងនូវការគោរពដ៏ជ្រាលជ្រៅ និងការកោតសរសើរចំពោះគុណបំណាច់របស់និវត្តន៍ជន និងអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារជាតិ រក្សាសន្តិភាព អធិបតេយ្យភាព និងការកសាងសង្គមជាតិឱ្យមានការរីកចម្រើន។
ឯកឧត្តមបណ្ឌិតក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងការថ្លែងអំណរគុណចំពោះនិវត្តន៍ជន និងអតីតយុទ្ធជន ដែលបានបំពេញភារកិច្ច និងបម្រើជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពសង្គម។
ពិធីសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះនិវត្តន៍ជន និងអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។









