ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការល្បាត និងបង្ក្រាបករណីបទល្មើសឆ្លងដែនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាងទំនិញគេចពន្ធជាច្រើនបាវ ដែលត្រូវបានរត់ពន្ធពីប្រទេសថៃចូលមកដែនដីកម្ពុជា។

ហេតុការណ៍បង្ក្រាបនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៩:៤៥ នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការល្បាតការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែននាពេលរាត្រី កម្លាំងសមត្ថកិច្ចចម្រុះបានប្រទះឃើញសកម្មភាពសង្ស័យនៃការលួចដឹកជញ្ជូនទំនិញឆ្លងដែនដោយខុសច្បាប់ ពីប្រទេសថៃ ចូលមក ប្រទេសកម្ពុជា។

ភ្លាមៗនោះ កម្លាំងជំនាញបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ នៅនឹងកន្លែង រួមជាមួយម៉ូតូដែលប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ទូរស័ព្ទ០១ គ្រឿង វិទ្យុទាក់ទង ០១ គ្រឿង រទេះរុញ០១ និងបាវទំនិញគេចពន្ធជាច្រើនកញ្ចប់/បាវធំៗ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ជូនផ្នែកជំនាញ ដើម្បីបន្តនីតិវិធីសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការរឹតបន្តឹងសន្តិសុខយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់រូបភាព ដើម្បីធានាសន្តិសុខ របៀបរៀបរយ និងទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់តាមច្រកព្រំដែន។

 

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed