នាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តាស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និងលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បានដឹកនាំប្រតិភូរដ្ឋបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាល នៃគណៈអភិបាល ស្រុកអង្គរបុរី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសដ៏ក្រៀមក្រំ លោកប្រធានក្រុមប្រឹក្សស្រុក និងលោកអភិបាលស្រុក ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះការ បាត់បង់រូបលោក ដែលជាមន្ត្រីដ៏ល្អម្នាក់ និងជាថ្នាក់ដឹកនាំស្រុកដែលបានខិតខំបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
គណៈប្រតិភូក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ លោក រស់ ប៊ុនធឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា កម្មវិធីបុណ្យសពត្រូវបានរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់លោក ស្ថិតក្នុង ភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ៕



