រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០% សមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។ នេះជាការបញ្ជាក់ជូនឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) នៅក្នុងជំនួបកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។
ចំណែកឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។


