ខេត្តតាកែវ៖ នាថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងឆ្នាំ២០២៦ រដ្ឋបាលឃុំគុស បានរៀបចំ «វេទិកាសាធារណៈរបស់រដ្ឋបាលឃុំ ឆ្នាំ២០២៦» យ៉ាងអធិកអធម ស្ថិតក្នុងបរិវេណវត្តអង្គរុន ក្នុងគោលបំណងក្តាប់នូវរាល់បញ្ហាប្រឈម សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។
វេទិកាសាធារណៈដ៏មានសារសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖
លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស
លោក ចាន់ សំណាង អភិបាលរងនៃគណៈអភិបាលស្រុកត្រាំកក់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីរាជការ និងតំណាងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សរុបចំនួន ១៧៧នាក់ (ស្រី ២៥នាក់) រួមមាន៖
លោក លោកស្រី ប្រធានអង្គភាព និងការិយាល័យជុំវិញស្រុកត្រាំកក់
លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស
លោក អុីង ណយ មេឃុំគុស ព្រមទាំងលោកជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ
លោក លោកស្រីជំនួយការរដ្ឋបាលឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ
លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលឃុំគុស
លោកស្រីនាយិកាអនុវិទ្យាល័យអង្គរុន ព្រមទាំងលោក លោកស្រីនាយក នាយិកាសាលាបឋមសិក្សាទាំង៦ ក្នុងឃុំគុស
លោក លោកស្រីថ្នាក់ដឹកនាំភូមិ លោកអាចារ្យ គណៈកម្មការវត្តនានាក្នុងឃុំ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អង្គវេទិកាសាធារណៈទាំងមូល បានដំណើការទៅដោយបរិយាកាសស្និទ្ធស្នាល និងបើកទូលាយ ដោយបានផ្តល់ឱកាសយ៉ាងពេញលេញជូនបងប្អូនប្រជាពលរដ្ឋក្នុងការលើកឡើងនូវកង្វល់ សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ រាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបានថ្នាក់ដឹកនាំវេទិកា និងអាជ្ញាធរពាក់ព័ន្ធធ្វើការបកស្រាយ បំភ្លឺ ដោះស្រាយភ្លាមៗ និងកត់ត្រាទុកដើម្បីរៀបចំផែនការដោះស្រាយបន្តតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត។












