នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសាធារណៈនៅឃុំឧត្តមសុរិយា ដែលប្រារព្ធធ្វើឡើងនៅវត្តឧត្តមសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោក ឈឿង ឈឿន អភិបាលរងស្រុក តំណាងលោក ហ៊ត មនោ អភិបាលស្រុក លោក លោកស្រីអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ ការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ និងក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុឃុំ នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលឃុំ មន្ត្រីមណ្ឌលសុខភាព មេភូមិ នាយក-នាយិកាសាលារៀន អាចារ្យ និងគណៈកម្មការវត្ត ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ២១៥នាក់។
វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ស្តាប់ និងទទួលយកសំណូមពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពង្រឹងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គពិធី និងក្រុមការងារ បានយកចិត្តទុកដាក់ស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជីវភាពរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពាក់ព័ន្ធនានា ព្រមទាំងបានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តចុះពិនិត្យ សិក្សា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានឧបត្ថម្ភ សម្លៀកបំពាក់ជូនប្រជាការពារ ចំនួន ១៤០កំផ្លេ និងវិទ្យុទាក់ទង ចំនួន ៥០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ព្រមទាំងឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ជូនរដ្ឋបាលឃុំ សម្រាប់ចាត់ចែងប្រើប្រាស់តាមការចាំបាច់។








