ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សា ខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ។
ក្នុងឱកាសនោះ ជ័យលាភីសិស្សនិទ្ទេស A ចំនួន ៤៨នាក់ ដែលបានប្រឡងជាប់ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ទទួលបានរង្វាន់ជាម៉ូតូអគ្គិសនី ម្នាក់ចំនួន ១គ្រឿង។
ពិធីសំណេះសំណាល និងប្រគល់រង្វាន់នេះ រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត និងផ្ដល់ការលើកសរសើរដល់សិស្សានុសិស្សដែលខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងជំរុញឱ្យយុវជនបន្តខិតខំសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។








