ស្រុកត្រាំកក់, ខេត្តតាកែវ៖ នៅព្រឹកថ្ងៃ អង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក «វេទិកាសាធារណៈ» នៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។
ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ស្រុក និងថ្នាក់ឃុំ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អង្គវេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
ស្តាប់មតិយោបល់ និងសំណូមពរ៖ បើកឱកាសឱ្យប្រជាពលរដ្ឋផ្ទាល់បានបញ្ចេញមតិ សំដែងនូវការព្រួយបារម្ភ និងលើកឡើងពីបញ្ហាប្រឈមផ្សេងៗដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ពង្រឹងទំនាក់ទំនង៖ បង្កើនកិច្ចសហការ និងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយ និងការអភិវឌ្ឍក្នុងមូលដ្ឋាន។
លើកកម្ពស់សេវាសាធារណៈ៖ បង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់អាជ្ញាធរ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់កង្វល់ និងសំណូមពរស្របច្បាប់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងចំគោលដៅ ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំខាងត្បូងឱ្យកាន់តែប្រសើរឡើង៕






