ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចប្រចាំបន្ទាត់ព្រំដែន បានបង្ក្រាបករណីនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសបានថ្នាំស៊ីរ៉ូក្អកម៉ាក DATISSIN ចំនួន ១,១៥០ដប ព្រមទាំងរកឃើញសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យទាំងពីរនាក់។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមាត់អូរព្រំដែន ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងពីរនាក់ រួមមាន៖ ឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ផលលីន ភេទប្រុស អាយុ២៦ឆ្នាំ។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតថ្នាំស៊ីរ៉ូក្អកម៉ាក DATISSIN ចំណុះ ៦០មីលីលីត្រ ចំនួន ០៦កេស សរុប១,១៥០ដប។
តាមការបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេបានដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អកឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា តាមចំណុចអូរព្រំដែនចំនួន ២លើក ដោយអះអាងថា មានបុគ្គលឈ្មោះ សំរើន (ស៊ុនរ៉ើន) ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកចង្អុលបង្ហាញ និងជាមេក្លោង។ បុគ្គលរូបនេះកំពុងរត់គេចខ្លួន។
ជនសង្ស័យក៏បានអះអាងថា ពួកគេទទួលបានប្រាក់ឈ្នួលចំនួន ២០,០០០រៀលក្នុងម្នាក់ សម្រាប់ការដឹកជញ្ជូនមួយលើក។ ចំណែកការធ្វើតេស្តទឹកនោមដោយសមត្ថកិច្ចជំនាញ បានបង្ហាញថា ជនសង្ស័យទាំងពីរនាក់មានលទ្ធផលវិជ្ជមានសារធាតុញៀន។
ករណីនេះត្រូវបានអនុវត្តក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
រហូតដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកបុគ្គលដែលត្រូវបានសង្ស័យថាជាមេក្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត យកមកចាត់ការតាមច្បាប់៕



